គ្រោះថ្នាក់ខ្លាំងណាស់! អ្នកកើតជំងឺកូវីដ-១៩ នៅតែទៅចាក់វ៉ាក់សាំងទៀត សម្ដេចពិជ័យសេនា ទៀ បាញ់បញ្ជាឲ្យស្រាវជ្រាវជាបន្ទាន់

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានដាក់បទបញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ហើយ នៅតែទៅចាក់វ៉ាក់សាំង ដែលជាមហន្ដរាយខ្លាំងណាស់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិ។

ការដាក់បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចពិជ័យសេនា ទទួលបានព័ត៌មានថា បុគ្គលមួយចំនួនដឹងថា ខ្លួនកើតជំងឺកូវីដ-១៩ ហើយនៅតែទៅទទួលវ៉ាក់សាំងទៀត ដែលអាចមានឱកាសដើម្បីចម្លងទៅអ្នកដទៃ នៅកន្លែងដែលខ្លួនបានទៅចាក់វ៉ាក់សាំងនោះទៀត។

សម្ដេចពិជ័យសេនា បានថ្លែងបែបនេះថា «តាមព័ត៌មាន មានអ្នកដែលដឹងថាមានកូវីដហើយ នៅតែបណ្ដោយឲ្យមកចាក់ថ្នាំនេះ ខ្ញុំយល់ថារឿងនេះ គឺត្រូវផ្សព្វផ្សាយទូទៅតែម្ដង។ សមត្ថកិច្ច ដែលមានការពាក់ព័ន្ធទាំងអស់ បើសិនជាបណ្ដោយឲ្យមនុស្សចូលមកចាក់វ៉ាក់សាំងនេះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំគិតថាវាជាចេតនាហើយ ដើម្បីយកមកចម្លងដល់អ្នកដទៃ ដែលនេះខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត»។

សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ឥលូវនេះត្រូវតែស្រាវជ្រាវរក បើសិនមានផែនការនេះមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះមិនមែនជារឿងធម្មតាទេ ដែលនាំការចម្លងដល់អ្នកប្រតិបត្តិការ ដែលនាំឲ្យមានការខូចខាតធ្ងន់ធ្ងរណាស់។ ប្រសិនបើដឹងច្បាស់ហើយ មានឆ្លងជំងឺកូវីដ ហើយមកចាក់វ៉ាក់សាំងទៀត នេះជាមហន្ដរាយដល់អ្នកប្រតិបត្តិការទាំងឡាយ អាចធ្វើឲ្យខូចការងារធំតែម្ដង»៕

Image_2021 05 11_16 22 24

ប្រភពពីៈ FN