អុញនោះ! ថៃ រកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី នៅឥណ្ឌា ជាលើកដំបូង

ថៃ៖ លោកស្រីវេជ្ជបណ្ឌិត Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានឱ្យដឹងថា មានស្ត្រី និងកូនប្រុស ៣នាក់ បានចាកចេញពីប្រទេសប៉ាគីស្ថានមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែមេសានេះ ពួកគេទាំងអស់ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កមួយ ដែលរៀបចំដោយអាជ្ញាថៃបន្ទាប់ពីការមកដល់ ហើយការធ្វើតេស្តដំបូងបានរកឃើញថា នាងនិង កូនពៅរបស់នាងមានវិជ្ជមានកូវីដ-១៩ រីឯកុមារ២រូបទៀតអវិជ្ជមានវីរុសកូវីដ-១៩។ នេះបើតាមសារព័ត៌មានBangkok Post ចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

1

ក្រោយពីបានយកសំណាកអ្នកទាំង២ យកទៅពិនិត្យនៅមន្ទីរពេទ្យជូឡាឡុងកនកាលថ្ងៃអាទិត្យ លទ្ធផលបានបញ្ជាក់ថា វីរុសដែលត្រូវបានរកឃើញនៅលើពួកគេគឺជាវ៉ារ្យង់វីរុសកូវីដ-១៩ មានប្រភពមកពីប្រទេសឥណ្ឌាដែលមានឈ្មោះថា B.1.617.1។ លោកស្រីវេជ្ជបណ្ឌិត បាននិយាយថា នេះគឺជាករណីដំបូងបង្អស់នៅក្នុងប្រទេសថៃ ដែលបានរកឃើញវ៉ារ្យ៉ង់វីរុសកូវីដ-១៩នៅឥណ្ឌាបានឆ្លងចូលក្នុងប្រទេសនេះ»។

2

អាជ្ញាធរថៃ មានការព្រួយបារម្ភជាខ្លាំងអំពីការមកដល់វ៉ារ្យ៉ង់ប្រភេទនេះ ដែលប្រកបដោយគ្រោះថ្នាក់ខ្ពស់អាចនឹងបង្កការឆ្លងនៅក្នុងប្រទេសថៃបាន។ ក្រសួងការបរទេស និងនាយកដ្ឋានត្រួតពិនិត្យជំងឺ កំពុងធ្វើការពិភាក្សាអំពីការផ្អាករាល់ការចេញលិខិតអនុញ្ញាតឱ្យជនបរទេសនានាចូលមកប្រទេសថៃ ដើម្បីជៀសវាងការនាំចូលវ៉ារ្យង់វីរុសកូវីដ-១៩ពីប្រទេសឥណ្ឌាចូលមកថៃតទៅទៀត។

3

គួរកត់សម្គាល់ថា វ៉ារ្យ៉ង់វីរុសឈ្មោះ B.1.617.1 ត្រូវបានកត់ត្រាជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ក្នុងខែតុលា មុនពេលវីរុសនេះឆ្លងរីករាលដាលដល់ប្រទេសដទៃទៀត។ ក្នុងនោះប្រទេសប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសនៅលើឧបទ្វីបរួមជាមួយឥណ្ឌា ក៏ត្រូវបានរកឃើញវីរុសប្រភេទនេះដែរ។ ដោយឡែកនៅប៉ែកអាស៊ីអាគ្នេយ៍វិញ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏បានរកឃើញវ៉ារ្យ៉ង់ដូចគ្នាផងដែរ៕

ប្រភពពីៈ CNT News