វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ

នៅព្រឹកស្អែក ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត។

សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយៈពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់ផងដែរ។

2

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២ម៉ឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង ៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ។

1

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នឹងដឹកមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូស នៅក្នុងដៃយើងបន្ថែមទៀត។

សម្តេចតេជោ ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២ម៉ឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤ម៉ឺន ឬ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ៕

3

ប្រភពពីៈ ទទក