អុញនោះ! កូវីដ-១៩ បានឆ្លងដល់អ្នកទោសក្នុងពន្ធគារខេត្តព្រះសីហនុ ៣៤នាក់ ក្នុងចំណោម ១២៦នាក់ ដែលទើបរកឃើញថ្មីនេះ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃនេះ បានផ្សាយរបាយការណ៍លទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី៨ ខែឧសភា ដោយបានរកឃើញមានករណីវិជ្ជមានថ្មី នៅក្នុងសហគមន៍ចំនួន ១២៦នាក់ ក្នុងនោះ ៣៤នាក់ រកឃើញនៅក្នុងពន្ធនាគារខេត្ត។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១២៦នាក់នោះ គឺជាបុគ្គលិក កម្មកររោងចក្រ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនពលរដ្ឋ និងជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត។

2

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងដែរថា អគ្គនាយកពន្ធនាគារបានទទួលព័ត៌មានចំពោះករណីវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩ ចំពោះជនជាប់ឃុំក្នុងពន្ធនាគារខេត្ដព្រះសីហនុនេះរួចហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការងារនេះ។ យើងកំពុងរកមូលហេតុនៃការឆ្លងនេះ។ បញ្ហាប្រហែលជាឆ្លងមកពីអ្នកខ្លះដែលគាត់កើតជំងឺកូវីដ-១៩ ប៉ុន្ដែមិនមានរោគសញ្ញា។ កាលនោះយើងអត់មានឧបករណ៍តេស្តរហ័ស (Rapid Test) កូវីដ-១៩នេះ យើងគ្រាន់តែអនុវត្ដតាមនីតិវិធីដោយការធ្វើចត្ដាឡីស័កគាត់រយៈពេល ១៤ថ្ងៃ សម្រាប់អ្នកចាប់ចូលថ្មី។ ប៉ុន្ដែបុគ្គលដែលគាត់មានកូវីដ-១៩នោះ គឺគាត់មានមេរោគហើយ ប៉ុន្ដែគាត់អត់មានរោគសញ្ញា សូម្បីតែក្ដៅខ្លួនក៏អត់មានដែរ ដល់អីចឹង ពេលដែលផុតការធ្វើចត្ដាឡីស័ក ១៤ថ្ងៃ គាត់ចូលទៅដល់ក្នុង (ពន្ធនាគារ) ទៅវាអាចចម្លងតពីហ្នឹងទៅ។

3

លោក បានន្ថែមថា ជាគោលការណ៍ថ្មី គឺបានស្នើទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់អ្នកដែលចាប់ឃាត់ខ្លួនឡើងតុលាការ គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យរួចរាល់សិនទើបសម្រេចបញ្ជូនទៅឃុំនៅពន្ធនាគារ៕