អត់យល់! អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋជាង ១០០នាក់ ព្យាយាមសម្រុកចេញពីតំបន់ក្រហម ត្រូវបានអាជ្ញាធរចាប់ខ្លួន

រាជធានីភ្នំពេញ៖ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ដែលបានព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ជាមួយនឹងការយកសំណាកទាំងអស់គ្នា ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

1

អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានបញ្ជាក់ថា អាជ្ញាធរ បានឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន ៥៥នាក់ រថយន្ត ៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន ៤៩នាក់ សរុបទាំងអស់ចំនួន ១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា។ ពួកគាត់ទាំង ១០៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។

2

ជាមួយគ្នានោះ លោកក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើស ដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។ សូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕

3

4

5