អ្នកលក់ផ្កា ០២នាក់ ដែលទើបមកទីក្រុងបាងកក រកឃើញមានវិជ្ជមានកូវីដ-១៩

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា យោងតាមលទ្ធផលវិភាគវត្ថុចំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាពលករវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ ចំនួន ០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះតុ វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរលក់ផ្កា នៅប្រទេសថៃ

២-ឈ្មោះ សឹន សុង ភេទប្រុស អាយុ ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរលក់ផ្កា នៅប្រទេសថៃ

អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ស្រុកកំរៀង ហើយត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្ដា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

មកដល់ពីនេះ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤២នាក់ បានព្យាបាលជាសះស្បើយ ២៨នាក់និងកំពុងសម្រាកព្យាបាល ១៤នាក់៕

1