អ្នកទិញទំនិញតាមអនឡាញ ត្រូវបង្កើនការប្រុងប្រយ័ត្នការឆ្លងជំងឺកូវីដ-១៩ ព្រោះអ្នកដឹកជញ្ជូនកើតច្រើន

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអ្នកទិញទំនិញតាមអនឡាញទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចងាយ និងប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ដោយមិនដឹងខ្លួន តាមរយៈការយកទំនិញពីអ្នកដឹកជញ្ជូន។ នេះយោងតាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសិទព័ត៌មាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

លោកអភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលទិញទំនិញ ឬ ទទួលទំនិញពីអ្នកដឹកជញ្ជូនតាមអនឡាញ ប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើពុំដូច្នោះទេ វាអាចងាយឆ្លងជំងឺកូវីដ-១៩ជាមិនខាន ខណៈដែលករណីឆ្លងនេះ បានកើតឡើងចំពោះ ប្រជាពលរដ្ឋមួយចំនួនរួចមកហើយ។

កន្លងមក ប្រជាពលរដ្ឋមួយចំនួនគាត់នៅតែផ្ទះសោះ ប៉ុន្តែក៏ឆ្លងជំងឺកូវីដ-១៩នេះដែរ ដោយសារតែពួកគាត់ បានឆ្លងពីអ្នកដឹកជញ្ជូនដែលបានយកទំនិញមកឲ្យ។ ប្រសិនបើទំនិញណាដែលមិនចាំបាច់ សូមកុំធ្វើការកុម្មង់ ដើម្បីចៀសឲ្យឆ្ងាយពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ហើយពេលទិញអាហារ ឬទំនិញតាមអនឡាញ មេត្តាប្រុងប្រយ័ត្នពេលគិតលុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសនៅពេលធ្វើការគិតលុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីកុំឲ្យឆ្លងកូវីដ-១៩ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ»។

សំឡេង៖ "បើសិនជាបងប្អូនយើងទិញទំនិញតាមអនឡាញ គឺសូមឲ្យប្រយ័ត្នប្រយែង រឿងវិធានសុខាភិបាល ការគិតលុយ ការយកអាហារ ឧទាហរណ៍ដូចតែគុជអ៊ីចឹង បើកាលណា អ្នកOnline ដៃគាត់មានមេរោគ ហុចតែគុជទៅប៉ះ ហើយយើងយកទៅញ៉ាំគឺឆ្លងហើយ។ អ៊ីចឹងរឿងអនឡាញនេះ សូមទិញអាហារទាំងឡាយណា ដែលធានាបានថាមិនឆ្លងកូវីដ ដូចជាអាហារអាចយកទៅកម្ដៅបាន និងអាហារ ដែលមានស្រោមបិទជិត យើងបាញ់អាល់កុលសម្លាប់មេរោគ បានយើងយកទៅធ្វើអីបាន ឧទាហរណ៍ថាបងប្អូនទិញបន្លែតាមអនឡាញ ដើម្បីយកទៅធ្វើអន្លក់ ហើយបងប្អូនអត់បានលាងស្អាត បងប្អូនយកទៅញ៉ាំឆៅ វានឹងងាយឆ្លង។

លោកអភិបាលរងរាជធានីភ្នំពេញ នៅតែអំពាវនាវយ៉ាងទទូច ឲ្យប្រជាពលរដ្ឋទាំអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្ត វិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការកាត់ផ្តាច់នូវជំងឺកូវីដ-១៩ដ៏សាហាវនេះឲ្យមានប្រសិទ្ធភាព ខណៈជំងឺនេះបានឆក់យកជីវិតប្រជាពលរដ្ឋជាង១០០នាក់ហើយ៕

Image_2021 05 06_20 06 14

ប្រភពពីៈ ទទក