សម្តេចតេជោ ហ៊ុន សែន៖ ត្រូវកែជាបន្ទាន់ អភិបាលខេត្តណាដែលចេញសេចក្តីសម្រេចពីចូលទឹកដីខេត្តរបស់ខ្លួនត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងត្រូវបន្តធ្វើចត្តាឡីស័កចំពោះ អ្នកដែលសង្ស័យថា មានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល។

សម្តេចតេជោហ៊ុន សែន សូមឲ្យអភិបាលខេត្តណាដែលចេញសេចក្តីសម្រេចរួចហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឱ្យយកសំណាក នឹងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែការធ្វើនេះ គឺសំដៅដើម្បីឲ្យកែសម្រួលសេចក្ដីសម្រេចដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ នេះបើយោងតាមសារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១៕ ប្រភពពីៈ ទទក

Samsach

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម