“ឱសថស្ថាន ផ្សារតាប៉ាងថ្មី” នៅម្តុំផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ បានបើកលក់ឱសថឡើងវិញហើយ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ «ឱសថស្ថាន ផ្សារតាប៉ាងថ្មី» ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកទ្វារលក់ឱសថឡើងវិញហើយ បន្ទាប់ពីបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា កន្លងទៅ។

1

លោក ហេង រដ្ឋា ដែលជាម្ចាស់ឱសថស្ថាន បានបញ្ជាក់ថា បន្ទាប់ពីការបិទទ្វារ និងតម្រូវឱ្យបុគ្គលិក ធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃកន្លងមក និងធ្វើតេស្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល រកមិនឃើញបុគ្គលណាម្នាក់កើតជំងឺកូវីដ-១៩នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យឱសថស្ថានខាងលើ បើកដំណើរការឡើងវិញជាធម្មតា។

ជាមួយស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ នៅកន្លែងឱសថស្ថានរបស់លោកបានរៀបចំឱ្យមានម៉ាស៊ីនវាស់កម្តៅ និងបាញ់អាល់កុល។ បន្ថែមពីលើនោះ មាត់ទ្វារត្រូវបានចងខ្សែ និងកំណត់ពីការរក្សាគម្លាត ជាពិសេសរាល់អតិថិជនមិនអនុញ្ញាតឱ្យចូលទៅក្នុងឱសថស្ថាននោះឡើយ គឺឈរនៅខាងមុខ ហើយបុគ្គលិកអ្នកឈរទទួល និងទៅយកថ្នាំជូនតាមតម្រូវការអតិថិជនរបស់ខ្លួន។

ម្ចាស់ឱសថស្ថានដដែលបានគូសបញ្ជាក់ថា លោកនឹងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់ការណែនាំ និងវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕

2

ប្រភពពីៈ ទទក