ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៣នាក់ បន្ថែមទៀត ដែលធ្វើដំណើរមកពីភ្នំពេញ

ខេត្តសៀមរាប៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត សរុប៧នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ

២-ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ

៣-ឈ្មោះ ម៉ម សុខេន ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ

ក្នុងចំណោមអ្នកទាំងបីនាក់ មានពីរនាក់ជាអ្នកមើលថែ និងម្នាក់ជាអ្នកជំងឺ ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលជំងឺ(មិនមែនជំងឺកូវីដ-១៩) ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រោយការព្យាបាលមានសុខភាពល្អប្រសើរ អ្នកទាំងបីបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ តាមរយៈរថយន្តឈ្នួលមួយគ្រឿង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មកដល់ម៉ោង៣ភ្លឺ ហើយត្រូវបានក្រុមការងារប្រចាំការនៅព្រំប្រទល់ខេត្ត ណែនាំឱ្យទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ បន្ទាប់មកគ្រូពេទ្យបានយកសំណាកវិភាគទទួលបានលទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះតាមការស្នើសុំ។ តាមរយៈពេលកំណត់របស់ក្រុមគ្រូពេទ្យ ពួកគាត់ត្រូវមកយកសំណាកលើកទី២ ដោយគាត់ទាំងបីនាក់ បានជិះរ៉ឺម៉កកង់បីចេញពីម្តុំទល់មុខការ៉ាស់សាំងតេឡា នៅម៉ោង១៦:០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែកអ្នកបើកបររថយន្តឈ្នួលដែលដឹកពួកគាត់ពីភ្នំពេញមកខេត្តសៀមរាប គឺទទួលបានលទ្ធផលអវិជ្ជមាន។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2