រោងចក្រប្រមាណជា ១០០ បានបើកដំណើរការឡើងវិញ នៅតំបន់លឿង

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា រោងចក្រ និងសហគ្រាសចំនួន ៩៥ទីតាំង ត្រូវអនុញ្ញាតឱ្យចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញ គឺស្ថិតនៅក្នុងតំបន់លឿង ដោយក្នុងនោះមានកម្មករសរុបចំនួន ១.៥០០០នាក់ នឹងចាប់បន្តការងាររបស់ពួកគេឡើងវិញហើយ បន្ទាប់ពីរាជធានីភ្នំពេញ និងទីប្រជុំជន ក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តនូវវិធានការសុវត្ថិភាព អនាម័យ ដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនស្ថិតក្នុងតំបន់ប្រឈមខ្លាំង។

1

ការបន្តខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និងសហគ្រាស គឺជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យផលិតកម្មឧស្សហកម្មកាត់ដេរ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ ដោយមានប្រមាណ៥០%នៃកម្មករអាចបន្តការងាររបស់ពួកគេឡើងវិញ ពោលគឺនៅសល់តែតំបន់រងផលប៉ះពាល់ដោយការបិទខ្ទប់នៅតំបន់ក្រហម និងលឿងទុំប៉ុណ្ណោះ។

2

3

ថ្មីៗនេះរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់អ្នកបញ្ជាទិញអន្តរជាតិ ឱ្យមានការយោគយល់អំពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនទំនិញ ខណៈរោងចក្រ និងសហគ្រាស បានបិទផលិតកម្មជាបណ្តោះអាសន្ន ដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

4

ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការប្រឹក្សាការងារ ស្តីពីបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ ដោយវិធានការរដ្ឋបាលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ម្តង និងផ្តល់អាទិភាពចំពោះកម្មករ និយោជិតណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់។

5

នៅក្នុងសេចក្តីសម្រេចរបស់កិច្ចប្រជុំនេះ បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករបាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕

6