ទីបំផុតមេខ្យល់២នាក់ប្តីប្រពន្ធ សកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ មិនផុតពីកណ្តាប់ដៃសមត្ថកិច្ច

ខេត្តបាត់ដំបង៖ មេខ្យល់ប្តីប្រពន្ធ ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ (ស្រី៤នាក់) នៅចំណុចភូមិសាស្ត្រស្ពានបី ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

1

មេបញ្ជាការរងកងអនុសេនាធំទី៣ វរសេនាតូច៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង សហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅម៉ោង៧.០០ នៅថៃ្ងទី៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់។

2

សូមបញ្ជាក់ថា មេខ្យល់ពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ សៅ ធី អាយុ ៣០ឆ្នាំ ជាប្តី និងឈ្មោះ ភោគ ផឿន (ហៅនាង) អាយុ ៣៥ឆ្នាំ ជាប្រពន្ធ រស់នៅភូមិ ភ្នំតូចឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ចំណែកឯពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង៕

3

4