អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីដែលសារព័ត៌មានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ ស្ថិតនៅស្រុកស្រែអំបិល

ខេត្តកោះកុង៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលសារព័ត៌មានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ មានទីតាំងស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

1

2

បន្ទាប់ពីចុះពិនិត្យទីតាំងដីជាក់ស្តែង និងតាមការបង្ហាញផែនទីគំនូសបង្ហាញទីតាំងដីពីមន្ត្រីជំនាញមន្ទីរបរិស្ថាន ឃើញថា កាលពីមុនមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយអនុក្រឹត្យលេខ៣០អនក្រ.បក ទីតាំងដីនេះ គឺស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

3

4

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍លម្អិតអំពីករណីនេះមករដ្ឋបាលខេត្ត និងលោកមេភូមិ មេឃុំ ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ ចូលរួមថែរក្សាការពារព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុក៕

5

ប្រភពពីៈ រដ្ឋបាលខេត្តកោះកុង