អ្នកសារព័ត៌មាន ត្រូវបញ្ឈប់យកព័ត៌មាន និងការផ្សាយព័ត៌មានមួយចំនួន ក្នុង “តំបន់ក្រហម”

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹងស្តីពី ការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់។

ក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា កន្លងមក ក្រសួងព័ត៌មាន បានសង្កេតឃើញថា ស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានយើង បានចូលរួមសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋបានយ៉ាងទូលំទូលាយ អំពីសកម្មភាព និងវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាព និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានជោគជ័យនាកន្លងមក។

ទន្ទឹមនេះ ក៏មានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួន បានចុះយកព័ត៌មាននឹងធ្វើការផ្សាយផ្ទាល់ពីសកម្មភាពនានា នៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ជាពិសេសនៅក្នុងតំបន់ក្រហម ជាតំបន់ហាមឃាត់ ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ ដោយធ្វើការផ្សាយផ្ទាល់ហើយធ្វើអធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល នឹងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឲ្យសាធារណជន មានការដូចច្រឡំ បង្កភាពជ្រួលច្របល់នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នូវការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅៗ។

ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ ករណីនៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

1