សម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ដែលកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៣ រួមមាន៖ ១-តំបន់បិទខ្ទប់, ២-ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព និង៣-ការចែកស្បៀងជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់។

1

ឯកឧត្តម គួច ចំរើន ឲ្យដឹងថា រដ្ឋបាលខេត្តបានបង្កើតក្រុមការងាររកសំណាកជា ៣ក្រុម៖ ក្រុមទី១.យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ, ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករ និងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

2

3

ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ នៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ យើងបានចែកជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន ១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។

4

ឯកឧត្ដម ក៏បានធ្វើការណែនាំក្រុមគ្រូពេទ្យ ត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។

5

ក្នុងតំបន់បិទខ្ទប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជា គ្រឿងឧបភោគបរិភោគ(សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត) ដោយឡែកក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបានតែត្រូវគោរពតាមស្តង់ដារ វិធានសុវត្ថិភាពជាចម្បង ដូចជា ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ។ល។ បន្តរឹតបណ្តឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាកពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

6

អង្គប្រជុំបានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ៕

ប្រភពពីៈ រដ្ឋបាលខេត្តព្រះសីហនុ