ចង់បានលុយចិនទៀតហើយ! បន្លំជានគរបាលជាតិ ដឹកជនជាតិចិនចេញពីតំបន់ក្រហម

ខេត្ដព្រះសីហនុ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា"តំបន់ក្រហម" ដោយមិនគោរពតាមវិធានការរបស់រដ្ឋបាលខេត្ដដែលបានកំណត់ ។

2

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ។ របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលជនសង្ស័យចំនួន០២នាក់(ជនជាតិចិន០១នាក់ ជនជាតិខ្មែរ០១នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

1

ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ2AH-2263 ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩៦ឃាត់ខ្លួន ។

ករណីនេះឈ្មោះ លូ គឹមហ្វាត ប្រាប់សមត្ថកិច្ចថា៖ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្រ័ខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់ ។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភក្រ័ខ្លួនបានភ្លេច ក្នុងរថយន្ដរបស់ខ្លួន ។

សម្ភារៈវត្ថុតាងដែលចាប់ដកហូតបានរួមមាន៖

-អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១ ។

-មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១ ។

-រថយន្ដ០១គ្រឿងម៉ាកCamry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ2AH-2263 ។

ករណីនេះកំពុងដំណើនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។

3

គួររំលឹកដែរថាការផ្ទះឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈកន្លងមក ក៏ដោយសារសន្ដិសុខសណ្ឋាគារសុខា អនុញ្ញាតឲ្យជនជាតិចិនដែលកំពុងធ្វើចត្ដាឡីស័កចេញក្រៅផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។