រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ក្នុងខេត្តសៀមរាប នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី បន្ថែម ចំនួន១នាក់ ទៅលើឈ្មោះ ដឹង ចាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋានភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុតាមរយៈរថយន្តឈ្នួល មកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ន វេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន គាត់បានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ឈ្មោះ ដឹង ចាន់ណាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១៥នាក់ ស្លាប់១នាក់ និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកបើកបររ៉ឺម៉កដូចបានបញ្ជាក់ជូនខាងលើ ដែលដឹកសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ ប្រភពពីៈ រដ្ឋបាលខេត្តសៀមរាប

1