ឯកឧត្តម ឃួង ស្រេង៖ ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់៣រក្សាដដែល គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម ឲ្យតូចជាងមុន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា នេះ តាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference បានឲ្យដឹងថា៖ នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សាតំបន់៣ដដែលនោះគឺ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។

1

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

2

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា «កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ»។

3

លោកបានបន្តទៀតថា «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។

4

ចំណែក ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះមានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩ នេះទៅតំបន់ផ្សេងទៀត។

លោកថា «មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ។ ដូច្នេះក្រោយថ្ងៃ៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែលជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត»។

5

សូមជំរាបថា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍៕

ប្រភពពីៈFN