ករណីស្លា.ប់បុរសម្នាក់ ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងមានវិជ្ជមានកូវីត-១៩ នៅឃុំលាបទង

ខេត្តសៀមរាប៖ យោងតាមផេកហ្វេកប៊ុករបស់មន្ទីរសារព័ត៌មានខេត្តសៀមរាប បានបង្ហោះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា៖ «តាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានសរសេរនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ០៣/០៥/២០២១ ខេត្តសៀមរាប ម៉ោង ៤.៣០នាទីព្រឹក ករណីស្លាប់បុរសម្នាក់ ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងមានវិជ្ជមានកូវីដ-១៩ មកពីភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ សូមប្រតិបត្តិ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ។

គួររំលឹកថា បុគ្គលដែលស្លាប់នេះ មានឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានជំងឺខូចតម្រងនោមជាង២ឆ្នាំមកហើយ ហើយគាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ និង ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលមានអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាសមាជិកគ្រួសារ មានចំនួន០៣រូប គឺ ៖១-លោក លី ចាន់ថា ត្រូវជាប្អូនថ្លៃ បានជូនលោក ស៊ាង គឹមសាន មកដល់មន្ទីរពេទ្យខេត្តសៀមរាប នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ហើយក៏បានធ្វើដំណើរវិលត្រឡប់ទៅស្រុកស្ទោង ខេត្តកំពង់ធំវិញទាំងយប់ រហូតដល់ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ធំ យកសំណាកធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

២. ប្រពន្ធរបស់លោក ស៊ាង គឹមសាន កំពុងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្តសៀមរាប និងបានយកសំណាកធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន ។

៣. កូនរបស់លោក ស៊ាង គឹមសាន បានធ្វើដំណើរពីមន្ទីរពេទ្យបង្អែកខេត្ត ដោយជិះម៉ូតូឌុបទៅម្តុំផ្សារលើ និងបានបន្តដំណើរតាមរថយន្តក្រុងទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំវិញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ធំ យកសំណាកធ្វើតេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមាន ។

ជុំវិញនឹងករណីបុគ្គលនេះដែរ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយសម្រេចបិទខ្ទប់តំបន់មួយចំនួន នៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕

Image_2021 05 03_11 10 20