រកឃើញអ្នកដឹកទំនិញជនជាតិថៃម្នាក់ មានជំងឺកូវីដ-១៩ នៅច្រកចាំយាម

ខេត្តកោះកុង៖ ត្រូវសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាម បានធ្វើតេស្តរហ័សទៅលើអ្នកបើកឡានដឹកទំនិញជនជាតិថៃម្នាក់ ពីប្រទេសថៃ ចូលមកតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយតម្រូវឱ្យអ្នកបើកបររូបនេះ ត្រលប់ទៅទឹកដីថៃវិញ ថែមទាំងបានជូនដំណឹងទៅភាគីថៃ ដើម្បីនាំយកអ្នកជំងឺទៅព្យាបាល ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

1

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឱ្យដឹងថា ក្រោយពីគ្រូពេទ្យធ្វើតេស្ត តាមឧបករណ៍រ៉ាពីតតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើសាមីខ្លួនជនជាតិថៃរូបនោះរួចមក ភ្លាមៗនោះ សមត្ថកិច្ចខាងភាគីកម្ពុជា បានទាក់ទងទៅកាន់អាជ្ញាធរថៃ ដើម្បីនាំយកខ្លួនតៃកុង (រួមទាំងរថយន្ត និងទំនិញផង) វិលត្រឡប់ទៅប្រទេសថៃវិញ និងផ្ដល់ការព្យាបាលតាមយន្តការរបស់គេ។

2

នៅថ្ងៃទី១ ខែឧសភានេះដែរ ក្រុមលោកគ្រូពេទ្យប្រចាំការច្រកទ្វារអន្តរជាតិចាំយាម បានធ្វើរ៉ាពីតតេស្តរហ័ស ទៅលើអ្នកបើករថយន្តដឹកទំនិញឆ្លងពីប្រទេសថៃ សរុប ២៨នាក់។ ហើយក្នុងរយៈពេល៣ថ្ងៃ ក្រុមលោកគ្រូពេទ្យធ្វើតេស្តរហ័ស ទៅលើកអ្នកបើកបរដឹកទំនិញឆ្លងដែនពីប្រទេសថៃ ចូលមកផែស្ងួតតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង មានជាង ៣០០នាក់ ហើយការធ្វើតេស្តរហ័សនេះ គឺស្ទើរតែអវិជ្ជមានទាំងអស់ លើកលែងតែតៃកុងជនជាតិថៃម្នាក់ខាងលើនោះប៉ុណ្ណោះ ដែលមានវិជ្ជមានមេរោគកូវីដ១៩។

4

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការដឹកទំនិញឆ្លងដែនអាជ្ញាធរអនុញ្ញាតឲ្យមានតែតៃកុង ១នាក់ប៉ុណ្ណោះ និងបានអំពាវរនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានគ្រប់តំបន់ ឲ្យចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ៕

3