ប្រជាពលរដ្ឋដែលរស់នៅខណ្ឌទាំង៤នៃតំបន់ក្រហម កុំទៅប្រជ្រៀតដណ្តើមវ៉ាក់សាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍តាមរយៈសារសំឡេងថា ជាការពិត យើងបានជូនដំណឹងរួចរាល់អស់ហើយ សាលារាជធានីភ្នំពេញក៏បានជូនដំណឹង ហើយ អាជ្ញាធរខណ្ឌសង្កាត់ភូមិ ក៏បានចាប់ផ្តើមធ្វើហើយ គឺថាយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលជាតំបន់ក្រហមទាំង ៤ នេះ គឺចាប់ផ្តើមពីថ្ងៃទី ១ នេះ ហើយ។

នីតិវិធីនៃការទៅចាក់គឺ ទាល់តែមានលិខិតអញ្ជើញពីភូមិ ឬក៏បានលេខរៀងពីភូមិ សង្កាត់ បានយើងអាចទៅចាក់បាន ដូច្នេះសុំបងប្អូនដែលអត់ទាន់មានលេខរៀង អត់ទាន់ទទួលលិខិតអញ្ជើញពីភូមិ ឬ សង្កាត់ទេ សុំកុំអាលនាំគ្នាទៅកន្លែងចាក់វ៉ាក់សាំង ពីព្រោះគោលដៅមួយៗ គឺយើងអាចចាក់បាន។ ឧទាហរណ៍ថា មួយគោលដៅ ២០០០នាក់ ចឹងពេលព្រឹក ១០០០ ពេលល្ងាច ១០០០ ដល់ពេលបងប្អូននាំគ្នាទៅទាំងអស់គ្នាដោយគ្មានលេខរៀង ចឹងវាធ្វើឱ្យចាល់គ្នានៅកន្លែងចាក់វ៉ាក់សាំង។

សំឡេង៖ «ការចាក់វ៉ាក់សាំងនេះ គឺយើងចាក់នៅក្នុងសង្កាត់ហ្នឹង ភូមិហ្នឹងទាល់តែអស់ បានយើង ឬ បិទបញ្ចប់ទីតាំងហ្នឹង។ ចឹងសុំបងប្អូនកុំមានការបារម្ភ ពីរឿងថាអត់បានទៅចាក់ ពីព្រោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានប្រគល់ជូនទៅក្រុមការងារចាក់វ៉ាក់សាំងនេះដល់ទៅ ចំនួន ៩០ម៉ឺនដូស ហើយបើយោងតាមស្ថិតិប្រជាពលរដ្ឋ បូកទាំងបងប្អូនកម្មករនិយោជិក ទាំងអ្នកនៅផ្ទះជួល តួលេខនេះគឺគ្រប់គ្រាន់សម្រាប់បងប្អូននៅខណ្ឌទាំង ៤ ហើយនៅពាក់កណ្តាលខែ ៥ នេះ វ៉ាក់សាំងនេះក៏មកបន្ថែមទៀតដែរ ចឹងសុំកុំបារម្ភពីរឿងអត់វ៉ាក់សាំង ឬអត់បានចាក់ យុទ្ធនាការនេះគឺចាក់ជូនមនុស្សទាំងអស់នៅក្នុងខណ្ឌទាំង ៤ អ៊ីចឹងសុំឱ្យបងប្អូននឹងនរ ហើយសុំអោយបងប្អូនទៅចាក់វ៉ាក់សាំង ដោយមានរបៀបរបរយហើយទៅតាមការកំណត់របស់ភូមិ របស់សង្កាត់ របស់ខណ្ឌ មានន័យថាទាល់តែមានលិខិតអញ្ជើញ ឬមានលេខរៀងទើបបងប្អូនអាចទៅចាក់ដូសទី១ នៅទីតាំងដែលពេទ្យយោធារបស់យើង កំពុងតែឈរជើងនៅក្បែរផ្ទះរបស់បងប្អូន»។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕

Image_2021 05 01_17 00 01

ប្រភពពីៈក្រសួងព័ត៌មាន