ស្នងការរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋជួយរាយការណ៍ចំពោះអ្នកល្មើសនឹងវិធានការ

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលជាតិរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ «ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១មក សង្កេតឃើញថាមានប្រជាពលរដ្ឋជាច្រើនបានចូលរួមសហការ និងអនុវត្តតាមវិធានការនេះ។

1

ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់៧ថ្ងៃទៀតរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ហើយសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា៣តំបន់ផ្សេងគ្នា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ។

2

ទោះជាយ៉ាងណា នៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលមិនចូលរួមសហការ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ស្របពេលដែលពលរដ្ឋភាគច្រើនបានចូលរួមសហការ និងគោរពបានយ៉ាងល្អតាមការណែនាំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។

3

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ជួយរាយការណ៍ និងផ្តល់ព័ត៌មាន មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែល្មើសនឹងវិធានការនេះ ដើម្បីចាត់ការតាមវិធានការច្បាប់ ។

4

សូមបញ្ជាក់ថាទាំងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចេញល្បាតជាប្រចាំ ២៤ម៉/២៤ម៉ ទាំងតាមផ្លូវធំ និងផ្លូវតូច ៕