អាជ្ញាធរខេត្ដកំពង់ចាម នឹងយកសណ្ឋាគារមួយ ធ្វើទៅជាមន្ទីរពេទ្យព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ឆាប់ៗនេះ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការកែលំអរ មន្ទីរពេទ្យមេគង្គកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) សម្រាប់ព្យាបាលអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

1

2

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលំអរ មន្ទីរពេទ្យមេគង្គកំពង់ចាម ធ្វើយ៉ាងណាត្រូវពន្លឿនការងារនេះ ឲ្យបានឆាប់រួចរាល់ត្រឹមរយៈពេល២ថ្ងៃទៀត ទាំងមានគុណភាព និងសោភណភាព ក្នុងនោះត្រូវរៀបចំបន្ទប់សម្រាប់បុគ្គលិកសុខាភិបាល និងគ្រែសម្រាប់អ្នកជំងឺ និងការរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ តបណ្តាញទឹក ភ្លើងថ្មី ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លានៅខាងក្រៅ ឲ្យបានស្អាតល្អ ដើម្បីប្រែក្លាយមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយជំនឿនិងការជឿទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែ ឧសភា ឆ្នាំ២០២១នេះ ។

3

4

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០៦នាក់បន្ថែមទៀត ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកមួយចំនួននៃខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានចំនួន ៦២នាក់ ក្នុងនោះអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀត ដែលកំពុងធ្វើធ្វើចត្តាឡីស័ក។

5

6

គួររំលឹកផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ បានរីករាលដាលយ៉ាងខ្លាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត អតីតសណ្ឋាគារមេគង្គ ដែលមានចំនួន ៧១បន្ទប់ ជាមន្ទីរពេទ្យសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩៕ ប្រភពពីៈ រដ្ឋបាលខេត្តកំពង់ចាម