សមត្ថកិច្ចស្វែងរកម្ចាស់ផេក Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកKhmer Plus ដើម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះផងដែរ។ សូមអានខ្លឹមសារទាំងស្រុងដែលបានចុះផ្សាយដោយផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដូចខាងក្រោម៖

1

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រើននាក់ចេញក្រៅបន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហើយបានធ្វើការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បើសិនជាមិនមានការចាំបាច់ ។

2

ដើម្បីឆ្លើយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី ប្រជាពលរដ្ឋចំនួន ៥រូបតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលើ បានចូលខ្លួនមកធ្វេីការបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ដោយបានថតវីដេអូខ្លី ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា ការឡាយរបស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង ជាការឡាយក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម។

ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន ហើយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា បើមានបញ្ហាសុខភាព ឬកិច្ចការចាំបាច់ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអជ្ញារមូលដ្ឋានដើម្បីសុំការអនុញ្ញាតឲ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា ហើយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានឡាយនោះទេ ។

សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងសហការដើម្បីលុបបំបាត់ព័ត៌មានមិនពិត ៕

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកនេះដេីម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះផងដែរ ៕

3