អាជ្ញាធរខេត្តមណ្ឌលគីរី ត្រៀមទីតាំងចំនួន ២កន្លែង សម្រាប់បូជា និងបញ្ចុះស.ព អ្នកសា្ល.ប់ដោយជំងឺកូវីដ-១៩

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ និងត្រៀមបម្រុងរួចជាស្រេច នូវទីតាំងដីសម្រាប់សាងសង់កន្លែងបូជាស.ព ឬឈាបនដ្ឋាន កន្លែងបញ្ចុះស.ព សម្រាប់អ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

1

2

បើតាមការឲ្យដឹងពីលោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះស.ព និងបូជាសពដែលស្លា.ប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២ទីតាំង ដែលមួយត្រូវសាងសង់ឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំងដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។

3

4

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ មេសា ២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ-១៩ចំនួន ០៣នាក់ ដែលបានឆ្លងព្រឹត្តឹការណ៍សហគមន៍ ២០កុម្ភៈ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រៅពីអ្នកជំងឺទាំងបីនាក់ ចំណុចលំនៅឋានរបស់ពួកគាត់ អាជ្ញាធរបានបិទខ្ទប់ជាប៉ុណ្ណោះអាសន្ន ដែលមានអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលត្រូវបិទខ្ទប់ចំនួន៣៥គ្រួសារ។

5

6

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យចំនួន ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃគង់នៅវត្តអូររាំង និងបន្តចុះសួរសុខទុក្ខកម្លាំងនគរបាល ថែមទាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា ២០០$ផងដែរ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន ផ្តល់ជូនអ្នកជាប់ធ្វើចត្តាឡីស័ក នៅក្នុងស្រុកកែវសីមា សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ៕

ប្រភពពីៈ រដ្ឋបាលខេត្តមណ្ឌលគីរី