លោក គឹម សន្តិភាព៖ រាជរដ្ឋាភិបាល បន្ត១សប្តាហ៍បន្ថែមទៀត បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

1

លោកបន្ថែមថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។

«តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

«តំបន់លឿង»សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម» «តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល៕

2