អាជ្ញាធរខេត្តឧត្ដរមានជ័យ ទៅបួងសួងនៅលើទួលក្នុងបឹងស្នោរ និងដាំដើមពោធិប្រឹក្ស ក្នុងឱកាសពិធីបុណ្យវិសាខបូជា

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ស្របនឹងថ្ងៃបុណ្យវិសាខបូជា ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំ ឯកឧត្ដមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក្រោមឱវាទចុះអុជធូបបួងសួងនៅលើទួលក្នុងបឹងស្នោរ និងដាំដើមពោធិប្រឹក្សព្រមទាំងដើមឈើផ្សេងៗជាច្រើនទៀត នៅក្នុងបឹងស្នោរ ដែលស្ថិតនៅទឹកដីក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

1

គួរបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។ វិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ ហើយត្រូវបានចាត់ទុកជាបុណ្យជាតិ ដែលប្រជាជនកម្ពុជា ជាពុទ្ធសាសនិកជនគោរពបូជាជារៀងរាល់ឆ្នាំ។

2

ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ នៃព្រះសមា្មសម្ពុទ្ធ គឺ ថ្ងៃព្រះអង្គប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន ដែលចំថ្ងៃ ១៥កើត ខែពិសាខ។

3

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

4

សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

5

ប្រភពពីៈ រដ្ឋបាលខេត្តឧត្តរមានជ័យ