សមត្ថកិច្ចបដិសេធចំពោះសារព័ត៌មានមួយដែលថាមានករណីប.ង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសានេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធចំពោះសារព័ត៍មានមួយដែលបានឡាយ លើបណ្តាញសង្គមហ្វេសបុកថាមានករណីប.ង្ខាំងមនុស្សខុសច្បាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

1

ជាក់ស្តែងនេះជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស និងស្ត្រីមួយគូ ដែលត្រូវជាសង្សារនឹងគ្នា ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប និងករណីជំពាក់លុយគេ ហើយគ្មានលុយសង ដែលកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី ។ បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ កម្លាំងជំនាញ បានចុះដល់ទីតាំងកើតហេតុ និងបានកោះហៅភាគីទាំង២មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីធ្វើការបំភ្លឺលើករណីនេះ។

2

ភាគីទី១ ឈ្មោះ ខៀវ ភាព ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ភាគីទី២ ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបារីមេន ស្នាក់នៅជាមួយគ្នា (ត្រូវជាសង្សារ)។ ក្រោយពីធ្វើការសាកសួររួច ភាគីទាំង០២បានបំភ្លឺជូនសមត្ថកិច្ចថាករណីខាងលើមិនមែនជាករណីបង្ខាំងមនុស្សដូចដែលសារព័ត៌មានមួយចំនួន ឡាយនោះទេ គឺជាការឈ្លោះប្រកែកគ្នារឿងភាគីខាងស្រីអោយភាគីខាងប្រុសទៅខ្ចីប្រាក់ពីគេចំនួន $១០០ មកចាយវាយអស់តែម្នាក់ឯង។

3

លុះដល់ថ្ងៃសងប្រាក់ភាគីខាងស្រីគ្មានប្រាក់សងគេក៏មានការឈ្លោះប្រកែកគ្នាក្នុងបន្ទប់ជួល បន្ទាប់មកភាគីខាងស្រីបានខលវីដេអូឆាតតាមហ្វេសបុកទៅអ្នកសារព័ត៍មាន តែគាត់មិនដឹងថាអ្នកសារព័ត៍មានថតវីដេអូគាត់យកទៅបង្ហោះនោះទេ។

ជាចុងបញ្ចប់ភាគីទាំង០២ បានឯកភាពយល់ព្រមធ្វើការសម្របសម្រួលគ្នា ដោយធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នា ហើយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន $៤០ ដើម្បីបញ្ចប់រឿង ៕

4