ម៉ាកយីហោ Chanel ចាញ់ក្ដី ជាមួយក្រុមហ៊ុន Huawei ទាក់ទងនឹងបណ្ដឹងស្លាកសញ្ញា

អឺរ៉ុប៖ ស្លាកយីហោដ៏ល្បីរបស់បារាំងម៉ាក Chanel កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចាញ់ក្ដីនឹងបណ្ដឹងរឿងស្លាកយីហោរបស់ខ្លួនជាមួយក្រុមហ៊ុន Huawei Technologies បន្ទាប់ពីតុលាការកំពូលរបស់អឺរ៉ុបបានសម្រេចថាស្លាកសញ្ញារបស់ពួកគេមិនមានភាពស្រដៀងនឹងគ្នានោះទេ។

 

1

 

ជម្លោះស្លាកយីហោនេះ បានបញ្ជាក់ពីរបៀបដែល យីហោល្បីៗការពារស្លាកសញ្ញា និងយីហោរបស់ពួកគេដែលជានិមិត្ដរូបនៃភាពល្បីល្បាញ និងភាពផ្តាច់មុខចំពោះមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

ជម្លោះនេះកើតឡើងកាលពីឆ្នាំ ២០១៧ នៅពេលក្រុមហ៊ុន Huawei បានដាក់ស្នើសុំការយល់ព្រមពីការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) ដែលជាស្ថាប័នពាណិជ្ជសញ្ញា ដើម្បីស្នើសុំចុះឈ្មោះពាណិជ្ជសញ្ញា Hardwareកុំព្យួទ័រ របស់ខ្លួនដែលមានពាក់កណ្តាលរង្វង់ពីរបញ្ឈរ។

 

2

 

ម្ចាស់កម្មសិទ្ធិម៉ាក Chanel បានប្ដឹងជំទាស់ ដោយបាននិយាយថាការរចនានេះគឺស្រដៀងនឹងឡូហ្គូដែលបានចុះបញ្ជីពាក់កណ្តាលរង្វង់ពីរផ្តេក ដែលត្រូវបានប្រើលើទឹកអប់ គ្រឿងសំអាង គ្រឿងអលង្ការ ទំនិញធ្វើពីស្បែក និងសម្លៀកបំពាក់របស់ខ្លួន។

នៅឆ្នាំ ២០១៩ ការិយាល័យពាណិជ្ជសញ្ញាបានច្រានចោលការជំទាស់របស់ម៉ាក Chanel ដោយនិយាយថាមិនមានភាពស្រដៀងគ្នារហូតដល់មានការភាន់ច្រលំពីសំណាក់សាធារណៈជនឡើយ។

 

3

 

ចៅក្រមបាននិយាយថាភាពខុសគ្នាដែលមើលឃើញនៅក្នុងឡូហ្គូទាំងពីរ គឺមានសារៈសំខាន់ណាស់។ “ ជាពិសេសស្លាកសញ្ញារបស់ម៉ាក Chanel មានខ្សែកោងរាងមូលបន្ទាត់ក្រាស់ជាង និងមានទិសផ្ដេក ចំណែកម៉ាករបស់ Huawei គឺបញ្ឈរ។ ដូច្នេះតុលាការសន្និដ្ឋានបានថាម៉ាកសំគាល់ទាំងពីរនេះគឺខុសគ្នា” ។

សេចក្តីសម្រេចនេះអាចឲ្យម្ចាស់កម្មសិទ្ធិម៉ាក Chanel ប្តឹងជំទាស់ទៅតុលាការយុត្តិធម៌អឺរ៉ុបដែលជាកម្រិតខ្ពស់បំផុតរបស់សហគមអឺរ៉ុបទៀតបាន។

 

4