អាជ្ញាធរខេត្តកណ្តាល បើរកឃើញអ្នកកើតកូវីដ ៥% នៃចំនួនកម្មករសរុប នឹងសម្រេចបិទរោងចក្របណ្ដោះអាសន្នតែម្តង

ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកកើតជំងឺកូវីដ-១៩ ថាៈ ក្នុងករណី បើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹងសម្រេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង។

តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនេះមាន៖ ១-រោងចក្រ សាន់ ប៊េស, ២-រោងចក្រ ហ្គ្រេន អូរៀនថល, ៣-រោងចក្រ VANCO, ៤-រោងចក្រ CAMAPI និង៥-រោងចក្រ ANDER Sen។ ក្នុងស្រុកអង្គស្នួលមាន ១១៦រោងចក្រ ដោយមានបងប្អូន កម្មករ កម្មការិនី និយោជិតបម្រើការងារ ប្រមាណជាង ៦ម៉ឺននាក់។

ជាលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង ៥ គឺ យើងបានព្រមព្រៀងឯកភាពគ្នា ដោយត្រូវយកសំណាក បងប្អូនកម្មករ និយោជិត ទាំងអស់ធ្វើតេស្ត ដោយប្រើឧបករណ៍ Rapid Test ជាបន្ទាន់ ទៅលើផ្នែកសំខាន់ៗ ដែលប្រឈមហានិភ័យខ្ពស់ ចំនួន ២០% នៃចំនួនកម្មករនិយោជិតសរុប ក្នុងនោះមាន៖ ផ្នែកសន្តិសុខ អ្នកគ្រប់គ្រង អ្នកបើកបរថយន្ត ក្រុមអ្នកជិះឡានរួមគ្នាច្រើន។

ចំពោះមុខក្នុងករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រ គឺត្រូវដាក់ព្យាបាលពួកគាត់ នៅក្នុងរោងចក្រផ្ទាល់តែម្តង ចំណែកឯអ្នកប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងសម្រាប់អ្នកស្នាក់នៅផ្ទះជួល ប៉ុន្តែសម្រាប់អ្នកមានអាសយដ្ឋាននៅខេត្ត ស្រុក ឃុំណា នឹងត្រូវបញ្ជូនឱ្យធ្វើចត្តាឡីស័ក នៅខេត្ត ស្រុក ឃុំ នោះសម្រាប់គ្រប់គ្រងបន្ត។

សូមបញ្ជាក់ថា កម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលភាគច្រើនជាករណីការធ្វើដំណើរទៅធ្វើមកធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕

Image_2021 04 25_15 49 47

ប្រភពពីៈ ហ្វេសប៊ុក