លោកជំទាវ ឱ វណ្ណឌីន៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ចេញសំណេរនៅលើប្រព័ន្ធសង្គម Telegram ថា៖ «ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដោយចាប់ផ្តើមធ្វើសកម្មភាពចេញពីបុគ្គលម្នាក់ៗ និងរួមសាមគ្គីគ្នាធ្វើសកម្មភាពឆ្លើយតបពីឥឡូវនេះ។

ការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាជម្រើសមួយ រួមជាមួយជម្រើសដទៃទៀតរបស់លោកអ្នក ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩ ដែលអាចការពារលោកអ្នកបាន ហើយដែលតម្រូវឲ្យបុគ្គល និងប្រជាជន ចាំបាច់មានវិន័យត្រឹមត្រូវ និងការយល់ដឹងចាំបាច់ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។

នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។ វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន មុននឹងពេលដើរចេញពីវិធានការបិទខ្ទប់ បើមិនដូច្នោះទេ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកើតឡើង ហើយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយើងមិនទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លង ដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដើរចេញនូវវិធានការបិទខ្ទប់អាចកើតមានក្នុងពេលឆាប់ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នក មានការប្រុងប្រយ័ត្នលើចំណុច នេះទាំងអស់គ្នា។

បុគ្គលគ្រប់រូប អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឫជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និង រោងចក្រ-សហគ្រាស ជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡើងជាដើម។

ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតា តែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ!

បំណងល្អពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)៕

N1

ប្រភពពីៈ Telegram វិជ្ជបណ្ឌិត ឱ វណ្ណឌីន