អភិបាលខេត្តកណ្ដាល បិទរោងចក្រចំនួន ២ និងត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័ក

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធខេត្ត ចុះជួយសម្របសម្រួល ផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកអង្គស្នួល និងស្រុកមុខកំពូល ក្នុងការគិតគូររៀបចំទីតាំងត្រៀមសម្រាប់ធ្វើចត្តាឡីស័ក និងគ្រប់គ្រងសភាពការណ៍ នៃការផ្ទុះរាលដាលវីរុសកូវីដ-១៩ នៅក្នុងរោងចក្រចំនួន០២ គឺរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

1

 

2

សូមជម្រាបជូនថា ថ្ងៃនេះលទ្ធផលបឋមក្រុមគ្រូពេទ្យបានរកឃើញ កម្មករ កម្មការិនីចំនួន ២១នាក់ វិជ្ជមានជំងឺកូវីដ-១៩ និងមានកម្មករនិយោជិតចំនួន ២២៥នាក់ ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ព្រមទាំងកម្មករនិយោជិតចំនួន ៧១៨នាក់ ពាក់ព័ន្ធដោយប្រយោល លើចំនួនកម្មករនិយោជិតសរុប ចំនួន ៩៦៣នាក់ រីឯរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ឯណោះ វិជ្ជមាន ០១ករណី និងកម្មករ និយោជិតប្រមាណ ៧០នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធដោយផ្ទាល់។

3

 

4

ខណៈនេះក្រុមគ្រូពេទ្យ ០២ក្រុម កំពុងដុតដៃដុតជើងយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Test ដើម្បីប្រាកដថា កម្មករនិយោជិតជាច្រើននាក់ទៀត ដែលមានការជាប់ពាក់ព័ន្ធដោយប្រយោល ពុំមានវីរុសកូវីដ-១៩។

6

សូមបញ្ចក់ថា៖រោងចក្រខាងលើ នឹងត្រូវផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្ន បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញារមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ រដ្ឋបាលស្រុក និង ម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអាគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ។

7

ដើម្បីសុវត្ថិភាពរៀងៗខ្លួន ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ទើបពួកយើងអាចកាត់ផ្តាច់សង្វាក់នៃការឆ្លងរាលដាល និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នេះកាន់តែឆាប់ ដើម្បីឱ្យស្ថានភាពប្រទេសរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕ ប្រភព: អភិបាលខេត្តកណ្តាល