លួចដឹកមនុស្សឆ្លងដែនទៀតហើយ! បុរសខ្មែរម្នាក់ លួចដឹកជនជាតិថៃចូលមកទឹកដីកម្ពុជា

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥ព្រឹក កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍សិលាខ្មែរ បានឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលកំពុងលួចដឹកជនជាតិថៃ ០៥នាក់ ចូលមកទឹកដីខ្មែរ ចេញតាមច្រករបៀងខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៥៨ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

2

មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ លោក សូ ចាន់ណារី បានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ចំណែកជនជាតិថៃទាំង ០៥នាក់ រួមមាន៖ ១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ វិផា ផន ភេទស្រី អាយុ២២ឆ្នាំ, ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស អាយុ២១ឆ្នាំ, ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ និង៥-ឈ្មោះ ចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ។ តាមជនជាតិថៃទាំងនោះ បានឆ្លើយបំភ្លឺថា មិនស្គាល់មេខ្យល់នាំចេញ និងមិនស្គាល់ច្រកចេញនោះដែរ។

1

បុរសដែលលួចដឹកជនជាតិថៃខាងលើ បានប្រើប្រាស់រថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 បានបើកដឹកជនជាតិថៃទាំង៥នាក់ខាងលើ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៨ ឆ្ពោះមកកាន់ក្រុងប៉ោយប៉ែតដោយខុសច្បាប់។ បច្ចុប្បន្ននេះ អ្នកបើកបររថយន្ត និងជនជាតិថៃទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ ប្រគល់ឲ្យទៅនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត។

4

ចំណែក លោកអធិការនគរបាលស្រុកអូរជ្រៅ សែស វិបុស ប្រាប់ឲ្យដឹងថា ជនជាតិថៃទាំង៥នាក់នោះ ត្រូវបញ្ជូនទៅនគរបាលអន្តោរប្រវេសន៍ ដើម្បីទំនាក់ទំនងប្រគល់ឲ្យភាគីថៃយកត្រលប់ទៅវិញ ចំណែកឯ ជនជាតិខ្មែរដែលដឹកជញ្ជូនជនជាតិថៃនោះ និងត្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ពេទ្យសិន ទើបអនុវត្តវិធានការច្បាប់បន្ត៕

3