ឥណ្ឌូនេស៊ី ១៦នាក់ និងខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបករណីនាំចេញមនុស្សពីតំបន់បិទខ្ទប់

ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ លោកអភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងលោក ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ ព្រមទាំងដោយបានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចុះស្រាវជ្រាវ និងរកឃើញជនបរទេស ១៦នាក់ សញ្ជាតិឥណ្ឌូណេស៊ី និងជនជាតិខ្មែរ២នាក់ ជាអ្នកដឹកជញ្ជូនមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។ ករណីធ្វើឡើងនៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺ រួមជាមួយ រថយន្តទួរីស០២គ្រឿង (រថយន្តគេចចេញពីគោលដៅ០៣គ្រឿង)។

2

តាមសមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរទាំង២នាក់នោះ រួមមានៈ ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល និងឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ចំណែកម្ចាស់រថយន្ត០៣គ្រឿងទៀត បានគេចខ្លួន ក្រោយពេលសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ ច្រើនពេក និងដឹងថាមិនអាចបន្ដដំណើរទៅមុខទៀតបាន ក៏ដាក់ជនបរទេសទាំងនោះ ទុកចោលរួចនាំគ្នាបើករថយន្ដវិលត្រឡប់ទៅគោលដៅផ្សេងរៀងៗខ្លួន។

3

យោងតាមសេចក្ដីសម្រេចបិទខ្ទប់ពីតំបន់មួយទៅតំបន់មួយ និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ជនបរទេសទាំងនោះ ពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ពិសេសដោយបានការ សមគំនិតសម្របសម្រួលពីជនជាតិខ្មែរទាំងនោះ ក្នុងការធានារត់ការដឹកបន្លំភ្នែកសមត្ថកិច្ចជ្រកក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូន បានបន្ដដំណើរគេចចេញពីតំបន់មួយដោយមិនខ្លាច និងចូលរួមអនុវត្ដវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល។

4

សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសជនបរទេសដែលកំពុងមានវត្ដមាននៅក្នុងព្រះរាជាណាកម្ពុជា មេត្ដាជ្រាប និងចូលរួម អនុវត្ដសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩៕

5

6

ប្រភពពីៈ Cambodiapolice