លួ.ចដឹកមនុស្សឆ្លងខេត្តតាមផ្លូវទឹក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចាប់ឃាត់ខ្លួនបុរស ០២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សខុសច្បាប់តាមផ្លូវទឹក(បាឡាស្មាច់) ចេញពីរាជធានីភ្នំពេញមកកាន់ខេត្តកំពង់ឆ្នាំង ដោយបានបំពានបម្រាម នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវបានយកទៅធ្វើចត្តាឡីស័ក មុននឹងអនុវត្តតាមនីតិវិធី។

1

2

បុរសទាំងពីរនាក់នោះមានឈ្មោះ យ៉ង់ ហឿន អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឈ្មោះ យ៉ង់ ចាន់ទុំ អាយុ ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវបានយកទៅធ្វើចត្តាឡីស័ក។ ពួកគេទាំងពីរនាក់ បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។

3

លោកអធិការកំពង់ត្រឡាច បានឲ្យដឹងថា បុរសទាំងពីរនាក់នេះ បានបើកបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃរបស់ខ្លួន នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយមានមនុស្ស ៣នាក់ ក្នុងនោះស្រី ២នាក់ ដែលបានរង់ចាំនៅចំណុចក្បែរស្ពានព្រែកព្នៅ ពួកគេបានដឹកអ្នកទាំងនោះ មកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ក្រោយពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់នៅនឹងភូមិខាងលើនេះរួចហើយ ពួកគេទាំង២នាក់ ក៏បានបើកបាឡាស្មាច់១គ្រឿង ត្រឡប់មកលំនៅដ្ឋានរបស់គេវិញ នៅថ្ងៃដដែលនោះផងដែរ។

4

ជុំវិញករណីខាងលើនេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជាក់ប្រាប់ ថា ករណីនេះមិនអាចលើកលែងឱ្យបានទេ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕