បុរសម្នាក់អោបគ្រាប់បេ ៤០ បំផ្ទុះសម្លា.ប់ខ្លួនឯង ខ្ទេចសាកស.ព ដោយគ្រាន់តែឈ្លោះជាមួយប្រពន្ធ

កាលពីម្សិលមិញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីបុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹង មកដល់ផ្ទះរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ ស្រាប់តែយកគ្រាប់បេ៤០ មកអោបបំផ្ទុះខ្លួនឯង បណ្ដាលឲ្យខ្ទេចសាកសព ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ដ៍រន្ឋត់ ស្ថិតនៅចំណុចអូរថ្កូវ ភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

1

ជនដែលបន្ទុះខ្លួនឯងនោះ ឈ្មោះ សោន សាវឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាកសពមានស្ថានភាពអត់ពាក់អាវ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ និងមានស្នាមរបួសដាច់ជើងខាងឆ្វេង ត្រឹមភ្លៅ ដាច់ដៃខាងស្តាំ ដាច់រលាត់លើទ្រូង និងរបួសពេញផ្ទៃមុខមើលមិនយល់។

2

តាមស្ត្រីដែលជាប្រពន្ធសព មានឈ្មោះ រស់ វណ្ណា អាយុ ៥១ឆ្នាំ បានឲ្យដឹងថា កន្លងមកប្តីគាត់ តែងតែផឹកស្រាស្រវឹងជោគជាំជាប្រចាំ ហើយចេះតែរករឿងឈ្លោះ និងប្រើអំពើហិង្សាមកលើគាត់ជាប្រពន្ធញឹកញាប់។ នៅថ្ងៃនោះដែរ រូបខ្លួនបានទៅចំការដំឡូង ពេលត្រលប់មកវិញ ឃើញប្ដីកំពុងអង្គុយផឹកស្រា នៅក្នុងខ្ទម រហូតដល់វេលាម៉ោង ១១:៣០នាទីព្រឹក ស្រវឹងជោកជាំបាត់ទៅហើយ។

3

ខណៈពេលកំពុងអង្គុយដាំបាយ ប្តីគាត់ចាប់ផ្ដើមជេរបញ្ចោរ និងរករឿងឈ្លោះប្រកែក មិនឈប់ឈរ ឃើញដូច្នោះគាត់ក៏ដើរទៅចម្ការដំឡូង តែមួយសន្ទុះគាត់ក៏បានត្រឡប់មកវិញ ស្រាប់តែឃើញប្តីមានកាន់គ្រាប់បេ៤០ មួយគ្រាប់ ហើយបានហៅឲ្យទៅជិត។ ដោយឃើញសភាពការមិនទំនង គាត់ក៏បានដើរគេចចេញទៅចំការដំឡូងវិញ បានប្រហែលមួយសន្ទុះ ស្រាប់តែឮស្នូរសម្លេងផ្ទុះគ្រាប់លាន់កក្រើកព្រៃ ពេលនោះគាត់ក៏គិតថា តិចប្ដីគាត់ស្លាប់ដោយគ្រាប់កាំភ្លើងនោះទៅ។ ភ្លាមៗនោះ គាត់ក៏បានដើរពីចំការដំឡូងទៅមើល ស្រាប់តែឃើញប្តីស្លាប់យ៉ាងអាណោចអាធ័ម ដាច់ដៃដាច់ជើងរប៉ាត់រប៉ាយ គួរឲ្យតក់ស្លុតក្រៃលែង។

4

បន្ទាប់ពីក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យនៅកន្លែងកើតហេតុ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ក្នុងការបំផ្ទុះគ្រាប់បេ ៤០ដោយខ្លួនឯងប្រាកដមែន៕