ប្រកាសហើយនៅហ៊ានទៀត! ស៊ីឈ្នួលដឹកមនុស្សតាមរថយន្តគិលានសង្គ្រោះឯកជន ពីភ្នំពេញទៅរតនគីរី ក្នុងតម្លៃពិសេស

ស្ទឹងត្រែងៈ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុង កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពីភ្នំពេញ-រតនគិរីចំនួន ០៤នាក់ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ កាលពីវេលាម៉ោង២៣:៣០នាទីយប់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

01

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសដែលបានឃាត់ខ្លួននោះ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ។

២-ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។

02

03

អ្នកទាំង ០២នាក់ ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡើយ។

៣-ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

៤-ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តឲ្យដឹងថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់ លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិកពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន ០២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន ឈ្មោះ បៀន ពក និងឈ្មោះ ញ៉ឹប គត់ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែក ឈ្មោះ ឃាង ចន្នី និងឈ្មោះ ប៊ុត ប៊ុនរក្សា ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំ ដើម្បីធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតឲ្យដឹកតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។

ហើយមិនអនុញ្ញាតឲ្យរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕

04

05

06

ប្រភពពីៈ ហ្វេសប៊ុក