ប្តីប្រពន្ធ ២នាក់ រត់គេចពីកូវីដ-១៩នៅភ្នំពេញ ទៅដល់ព្រំដែនវៀតណាមតេស្តឃើញកូវីដ

វៀតណាមៈ កាលពីថ្មីៗនេះ តាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញវៀតណាម Tuoitre News បានផ្សាយថាៈ ប្តីប្រពន្ធជនជាតិវៀតណាម ២នាក់ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសវៀតណាមដោយខុសច្បាប់។

02

បុរសជាប្តីមានឈ្មោះហៅកាត់ D.D.Q. អាយុ ៥៨ឆ្នាំ និងភរិយាមានឈ្មោះហៅកាត់ថា T.T.B អាយុ ៥២ ឆ្នាំ បានធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅខេត្តអាងយ៉ាង ដោយឆ្លងកាត់ច្រកព្រំដែន Long Binh។ អ្នកទាំងពីរមិនមានឯកសារសំខាន់ៗ ដើម្បីចូលប្រទេសវៀតណាមនោះទេ ហើយបានស្នើសុំមន្រ្តីការពារព្រំដែន ដើម្បីធ្វើចត្តាឡីស័កក្នុងប្រទេស។

០១

ក្រោយមកអ្នកទាំង២ ត្រូវបានអាជ្ញាធរនាំទៅមណ្ឌលចត្តាឡីស័ក នៅស្រុកអានភូ ខេត្តអាងយ៉ាង។ មន្ត្រី មន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមានសមត្ថកិច្ច បានធ្វើតេស្តិ៍រកឃើញវិជ្ជមានជំងឺកូវីដលើប្តីប្រពន្ធអ្នកទាំង ២នោះ។ អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយប្តីប្រពន្ធទាំង ២នាក់ខាងលើ មានចំនួន ១៦នាក់ ត្រូវអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក ហើយក្នុងនោះមានមនុស្សប្រមាណ ១៣០នាក់ ដែលបានទាក់ទងជាមួយបុគ្គលទាំង ១៦នាក់នេះ ត្រូវធ្វើចត្តាឡីស័កនៅឯផ្ទះ និងបន្តតាមដានសុខភាព។

មន្ត្រីម្នាក់មកពីគណៈកម្មាធិការដឹកនាំការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩ នៅស្រុកអានភូ បានឲ្យដឹងថា ការទាក់ទងផ្ទាល់ភាគច្រើន គឺមន្ត្រីការពារព្រំដែន និងបុគ្គលដទៃទៀតដែលជាអ្នកជូន ២នាក់នោះ ទៅកាន់ទីតាំងធ្វើចត្តាឡីស័ក។ យោងតាមបទប្បញ្ញត្តិរបស់ប្រទេសវៀតណាម ទោះបីជាអ្នកពាក់ព័ន្ធទាំងអស់បានស្លៀកសម្លៀកបំពាក់ការពារខ្លួនពីជំងឺ និងរក្សាគម្លាតសុវត្ថិភាពពីប្តីប្រពន្ធទាំង ២នាក់ក៏ដោយ ក៏ពួកគេនៅតែត្រូវធ្វើចត្តាឡីស័ក ក្នុងរយៈពេលកំណត់ណាមួយដែរ។

សូមបញ្ជាក់ថា កាលពីមុន ប្ដីប្រពន្ធទាំង២នាក់នេះ បានធ្វើដំណើរមកទីក្រុងភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើការងារ ក្រោយមកក៏សំម្រេចចិត្ត វិលត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយសារតែ ពេលថ្មីៗនេះ ទីក្រុងភ្នំពេញ មានការរីករាលដាលជំងឺកូវីដយ៉ាងខ្លាំង៕

03

04

ប្រភពពីៈ MFN