លោកជំទាវ ឱ វណ្ណឌីន អំពាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram លើកឡើងថា «រន្ធត់ចិត្តពិត អាណិតរាស្ត្រខ្មែរ មិនគួរណាប្រែជាមានការភ័យ ដោយសារវីរុសកូវីដ-១៩ចង្រៃ មិនត្រាប្រណីសូម្បីកុមារតូច ។

1600143845dotuc Image 2020 09 15 11 22 40

យើងអាចឈ្នះបាន ដោយការប្រណិបត្តិ តាមវិធានការពិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំឈ្លៀសវៃមែនទែន នាំរាស្ត្រខ្មែរនឹងបាន ស្រាកស្រាន្តទុក្ទភ័យកូវីដចង្រៃ សូមរលាយសូន្យ៖ ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។

ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ "៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន" នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។

ត្រូវចងចាំថា "ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ" ។

កាលសង្រ្គាម យើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា»៕

11