អាថ៌កំបាំងមន្តអាគមជាច្រើនក្នុងសាកសពក្មេងម៉ាំមីអាយុ ១៩០០ឆ្នាំ ត្រូវបានកាំរស្មីអ៊ិចទំលុះរកឃើញ

អ្នកវិទ្យាសាស្ត្រនៅអាមេរិក បានប្រើបច្ចេកទេសស្កេន និងកាំរស្មីអ៊ិច ប្រភេទថ្មី ដើម្បីស្រាយអាថ៌កំបាំងខ្មោចម៉ាំមី ដែលមានអាយុកាល ១៩០០ឆ្នាំ នៅអេហ្ស៊ីប ក្នុងការស្រាវជ្រាវដោយមិនចាំបាច់គាស់កកាយ មិនធ្វើឱ្យខូចខាតដល់សាកសពឡើយ ។

02

បច្ចេកទេសនោះ គឺការប្រើបច្ចេកវិទ្យាស៊ីធីស្គែន (CT scan) បូករួមជាមួយបច្ចេកវិទ្យាកាំរស្មីអ៊ិច (X-ray) វាជាការសិក្សាដំបូងបង្អស់ ដែលត្រូវបានយកមកសិក្សាអំពីសាកសពម៉ាំមី ដែលបានរកឃើញនៅឯទីតាំងប្រវត្តិសាស្ត្រ ក្រុងហាររ៉ា ប្រទេសអេហ្ស៊ីប។

07

ការពិនិត្យខ្មោចម៉ាំមីបុរាណមានអាយុកាល១.៩០០ឆ្នាំនេះ ដោយស៊ីធីស្កេន និងកាំរស្មីអ៊ិច ត្រូវបានគេសន្និដ្ឋានថាជាខ្មោចម៉ាំមីក្មេងស្រីមានអាយុ ៥ឆ្នាំ មិនមែនស្លាប់ដោយសារអំពើហឹង្សាទេ មើលទៅក្មេងស្រីនេះមិនមានសញ្ញានៃការរងរបួសលើគ្រោងឆ្អឹងទេ ហើយយើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់នេះទេ។

08

តែក្នុងនោះអ្នកវិទ្យាសាស្ត្រលោក Stuart Stock សាស្រ្តាចារ្យស្រាវជ្រាវកោសិកា និងជីវវិទ្យាអភិវឌ្ឍន៍សាកលវិទ្យាល័យ North Western បានរកឃើញមានបំណែកជ័រ (Resins) នៅក្នុងខួរក្បាលរបស់ខ្មោចម៉ាំមី រួមទាំងម្ជុលចំនួន ៣៦ដើម ដែលត្រូវបានកប់នៅកន្លែងផ្សេងៗគ្នានៃរាងកាយ និងវត្ថុដ៏ចម្លែកម្យ៉ាងនៅខាងក្នុងពោះរបស់ខ្មោចម៉ាំមីកុមារនោះ។

បំណែកជ័រនោះ ទំនងជាសំណល់នៃពិធីសាសនា ខណៈដែលម្ជុល ៣៦ ដើម ប្រហែលជាលួសដែក ឬម្ជុលដែកដែលជាការចាក់បញ្ចូល ដើម្បីការពារសាកសពម៉ាំមីនេះឯង។ ចំពោះវត្ថុដែលនៅក្នុងពោះរបស់ខ្មោចម៉ាំមីត្រូវបានគេហៅថា “Inclusion F” ការស៊ើបអង្កេតដំបូងបានបង្ហាញថា វាជាវត្ថុធាតុដើមដែលមានធាតុផ្សំនៃកាល់ស្យូម (Calcite) ដូច្នេះវាអាចជាវត្ថុមន្តអាគម ប៉ុន្តែវាពិតជាគួរឱ្យសោកស្ដាយណាស់ដែលបច្ចុប្បន្ននេះ ដោយសារតែគុណភាពបង្ហាញនៃការស្កេន នៅមិនខ្ពស់គ្រប់គ្រាន់ដើម្បីបង្ហាញព័ត៌មានលំអិតនៃវត្ថុទាំងនោះ ទើបអ្នកវិទ្យាសាស្ត្រមិនអាចបញ្ជាក់ពីអត្តសញ្ញាណឱ្យជាក់លាក់បាន។

ហើយបើទោះបីជាការសិក្សានេះ នៅមិនទាន់ផ្តល់ភាពច្បាស់លាស់ជាដុំកំភួនក៏ដោយ ប៉ុន្តែវានឹងមិនខុសទេ ដែលយើងអាចនិយាយថា ការស៊ើបអង្កេតសាកសពម៉ាំមីនៅពេលនេះ ចាត់ទុកថាជាភាពជោគជ័យមួយ នៃការរកឃើញថ្មីដ៏អស្ចារ្យ៕

01

03

04

05

06

ប្រភពពីៈ zmescience