បុរសម្នាក់ ដែលជាជនទី១ រងការផាកពិន័យ ១លានរៀល ដោយសារច្បាប់កូវីត-១៩

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលរងខេត្តពោធិ៍សាត់ អ៊ឹង គឹមលាង តំណាងឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំសម្រេចអនុវត្តច្បាប់ពាក់ព័ន្ធអន្តរកាលនៃជំងឺកូវីដ១៩ ចំពោះលោក មួង សុភាន់ត្រូវបានទទួលការផាកពិន័យចំពោះមុខច្បាប់ ១លានរៀល តាមកំហុសដែលលោកបានប្រព្រឹត្តិ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ ជាលើកទី៣។

18

កំហុសដែលលោក មួង សុភាន់ ធ្វើខុស មានចែងនៅមាត្រា២២ ក្នុងអនុក្រឹត្យ៣៧ ស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១,០០០,០០០រៀល ទៅ ៥,០០០,០០០រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

19

សូមរំលឹកដែរថា លោក មួន សុភាន់ គឺជាបុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយជននេះមិនបានសហការជាមួយសមត្ថកិច្ច ព្រមទាំងបានជេរប្រមាថសមត្ថកិច្ចទៀតផង៕

20

21