ចាប់ខ្លួនបុរសម្នាក់ បង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចល

(កំពង់ចាម)៖ ដោយមានបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលបានចាប់ឃាត់បុគ្គលម្នាក់បង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចល ចាប់ខ្លួននាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តកំពង់ចាម។

លោកស្នងការនគរបាលខេត្តកំពង់ចាម ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា លោកចាត់ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញាម្នាក់ឈ្មោះ មាន ពន្លក ហៅបងតា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្នធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម។

លោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផល ចាប់ខ្លួនជនខាងលើដែលមានឈ្មោះ នូវ ខ្លឹម ហៅមាន ពន្លក ហៅបងតា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ដែលមានទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបុគ្គលនេះ បានបង្ហោះវីដេអូមានចេតនា ញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ, រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

Photo_2021 04 11_18 15 55